
ភ្នំពេញ ៖ ជនសង្ស័យមួយក្រោមមានគ្នា៥ទៅ៦បានធ្វើសកម្មភាពវាយបុរសម្នាក់ជិះម៉ូតូម៉ាក Honda Scoopy មួយគ្រឿងឲ្យសន្លប់ និងបម្រុងលើកយកម៉ូតូតែត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខឃើញទាន់ក៏រត់ទៅជួយ ក្រុមជនសង្ស័យឃើញស្ថានភាពមិនស្រូលក៏នាំគ្នាជិះម៉ូតូចេញទៅបាត់អស់ទៅ។
ហេតុណ៍ការខាងលើបានកើតឡើងកើតកាលពី វេលាម៉ោង១០ៈ២០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវ R8 ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីកកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក HONDA SCOOPY មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ តាកែវ 1O-2076 ធ្វើដំណើរលើបណ្តោយផ្លូវ R8 ក្នុងទិសដៅពីជើងទៅត្បូង ។
ប្រភពបានបន្តថា លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៥ទៅ៦នាក់ ជិះបញ្ច្រាស់ទិសគ្នា ហើយមានជនសង្ស័យម្នាក់ បានជិះទៅជិតម៉ូតូបុរសជនរងគ្រោះ រួចក៏បានវាយជនរងគ្រោះមួយដៃ បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូដួលសន្លប់នៅកន្លែងកើតហេតុតែម្តង ។
ប្រភពបានបន្តទៀតថា ភ្លាមៗនោះជនសង្ស័យទាំង៦នាក់នោះបម្រុងនឹងធ្វើលើកម៉ូតូរបស់ជនរងគ្រោះ ស្រាប់តែត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខនៅក្បែរនោះឃើញទាន់ក៏បានរត់ទៅជួយ តែត្រូវបក្សពួកជនសង្ស័យវាយមួយដៃចំកណ្ដាលមុខបន្ថែមទៀត ហើយជនសង្ស័យទាំងអស់នោះ ក៏បាននាំគ្នារត់ឡើងលើម៉ូតូ រួចក៏ជិះរត់គេចខ្លួនពីកន្លែងកើតហេតុអស់ទៅ។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបឋមភ្លាមៗ ។
ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសន្តិសុខយកទៅរក្សាទុក ដើម្បីប្រគល់ជូនសម្ថកិច្ចមូលដ្ឋានសង្កាត់ស្រះចក ផងដែរ ៕