
ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ បានធ្វើសកម្មឆ.ក់ទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះបានសម្រេច តែត្រូវបានប្រជាពលរដ្ឋដេញស្ទាក់ចាប់បានម្នាក់ភ្លាមៗ ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង យ៉ាងចាស់ដៃ ។ ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុងខាងក្រោយបុរីអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនលកើតហេតុគេឃើញជនសង្ស័យ មានគ្នា ៣នាក់ ជិះម៉ូតូ២គ្រឿងបានជិះឆ្វែលចុះឆ្វែលឡើងក្បែរជនរងគ្រោះ ហើយក៏ធ្វើសកម្មភាព ឆ.ក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច បម្រុងជិះគេចខ្លួន តែចំពេលផ្លូវស្ទះ ទើបជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក និច ពណ៌ក្រហមលាយខ្មៅពាក់ផ្លាកលេខភ្នំពេញ1FX-2644 បានបុ.កជាមួយរថយន្ត និងជ្រុលទៅបុ.កទ្វារសាលាអង្គការភាពញញឹម ហើយស្ទុះក្រោករត់ រហូតដល់ចំណុចព្រំប្រទល់ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាដេញស្ទាក់ចាប់បាន ហើយស្វាគមន៍យ៉ាងចាស់ដៃ ចំណែកជនសង្ស័យ២នាក់ទៀត បានជិះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានទៅដល់ ហើយនាំខ្លួនជនសង្ស័យ យកទៅធ្វើការសាកសួរ និងស្រាវជ្រាវរកជនរងគ្រោះ ឲ្យទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕